តាកែវ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ លោកអនុប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។
ខ្លឹមសារប្រជុំ៖
១-ដកស្រង់បទពិសោធន៍ចំណុចខ្លាំង និងចំណុចខ្វះខាត ក្នុងការអនុវត្តផែនការ ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត រយៈពេលបួនថ្ងៃ (ចាប់ពីថ្ងៃទី១២.១៣.១៤.១៥.ខែធ្នូ ឆ្នាំ២០២៤)នាពេលកន្លងមក
២-ជំនាញត្រូវចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំ ធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់និងសង្គ្រោះបន្ទាន់ ពិធីបុណ្យទន្លេ នៅខេត្តតាកែវ នាពេលខាងមុខ
៣-ត្រៀមរៀបចំឱ្យមានកម្មវិធីជូន ឪពុក ម្ដាយ អាណាព្យាបាល សាច់ញាតិ របស់សិក្ខាកាមកំពុងហ្វឹកហ្វឺនវគ្គ៤៧ ទៅសួរសុខទុក្ខ ក៏ដូចជាទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាពេលខាងមុខ
៤-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ អនុវត្តបទបញ្ជានានា និងបន្តការងារ បង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់(ហ្គេមអនឡាញ)
៥-បន្តពង្រឹងលើការ ប្រចាំបញ្ជា ប្រចាំការ និងចូលរួមគោរពទង់ជាតិ
៦-បន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។