លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម បានបបួលលោកមេបញ្ជាការភូមិភាគ ២សៀម ដែលប្រកាសចង់ធ្វើសង្គ្រាមជាមួយកម្ពុជា មកបាញ់មួយស្មើជាមួយខ្លួន។
ខ្លឹមសារនៅក្នុងបណ្ដាញសង្គមរបស់លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ មានដូចខាងក្រោម៖
យោងតាមសម្តីពាលរបស់លោកមេបញ្ជាការភូមិភាគ ២សៀម បើលោកចង់ច្បាំងខ្លាំង ខ្ញុំសុំបាញ់១ស្មើជាមួយលោកចុះកុំឲ្យពិបាកស្លាប់កូនទាហាននិងប្រជាជនរបស់លោកច្រើននាក់ ដោយសារតែការចម្បាំងរបស់លោក។ Ak ម្នាក់១ដើម គ្រាប់លោកកំណត់មកតែមិនឲ្យលើសពី១០គ្រាប់ ផ្ទៃដី៥០mការេចុះក្រោម យកព្រំដីជាបន្ទាត់សសម្រាប់បាញ់ លោកឈរនៅដីសៀម ខ្ញុំឈរនៅដីកម្ពុជា ចល័តបាញ់តាមការកំណត់ផ្ទៃដីសម្រាប់ប្រកួតរវាងលោកហើយនិងខ្ញុំ។
ខ្ញុំជាមេបញ្ជាការរងកងអនុសេនាធំទី១ បើខ្ញុំស្លាប់ លោកអាចធ្វើចម្បាំងបន្តចុះ តែបើលោកស្លាប់ ខ្ញុំសូមឲ្យនាយទាហានជាន់ខ្ពស់ និងពលទាហានរបស់លោកទាំងអស់ស្តាប់តាមការបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃយកវិធីសាស្រ្តចរចារដោយសន្តិវិធីដើម្បីឲ្យព្រំដែនកម្ពុជា -ថៃ ក្លាយជាព្រំដែនសន្តិភាព កម្ពុជា-ថៃ។
ថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៥ ពីខ្ញុំនាយទាហាន ណៃ ណាក់ ម្នាក់ស្អប់សង្រ្គាមតែចូលចិត្តបាញ់ក្បាលអ្នកណាចង់បង្កើតសង្រ្គាមដូចជាមេទ័ពភូមិភាគ២សៀម៕
