ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចថៃបង្គ្រាប់បានគ្រឿងញៀនចំនួន ជាង4សែនគ្រាប់បម្រុងនិងលួចឆ្លងដែនមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ខេត្តស្រេះកែវ៖ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក បានប្រាប់ឲ្យដឹងថា៖ មុនពេល សមត្ថកិច្ច ថៃឃាត់ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមកចតនៅចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យគាត់ដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ាលីរបស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។

គាត់បានបន្តទៀតថា នៅពេលគាត់លើកវ៉ាលីធ្ងន់ពេកលើកដាក់រទេះមិនរួច ក៏ហៅគ្នាមកជួយលើក ហើយឆ្ងល់ហេតុអ្វីវ៉ាលីខោអាវធ្ងន់ខុសពីធម្មតា សង្ស័យក៏បើកមើលក៏ប្រទះឃើញកញ្ចប់សង្ស័យគ្រឿងញៀន ទើបរាយការណ៍ប្រាប់ សមត្ថកិច្ចថៃឲ្យចាប់តែម្តង ហើយក៏បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។ ចំណែកជនជាតិថៃដែលជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទប់ពីនិយាយជាមួយកម្មករអូសរទេះហើយក៏ដើរឆ្លងចូលមកខាងទឹកដីកម្ពុជាមុនបាត់ស្រមោលតែម្តង។

ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា យ៉ាបា ឬមេតំហ្វេតាមីន ដែលឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក បម្រុងនាំចូលមកកម្ពុជានោះ មានទំងន់២០០គីឡូក្រាម មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤០០.០០០គ្រាប់ ខណៈនេះកំពុងសួរនាំកម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថភាព ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីតាមចាប់ខ្លួនមកអនុវត្តច្បាប់៕

Leave a Reply

Your email address will not be published.