ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

បន្ទាយមានជ័យ៖នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ក្រុមជ្រុលនិយម ដែលបើតាមឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើសកម្មភាពបំផុសចលនាប្រឆាំង

រាជរដ្ឋាភិបាលតាមបណ្ដាញទំនាក់ទំនងសង្គម ដោយពីដំបូងទីបានអូសទាញយុវជនក្នុង និងក្រៅប្រទេសឱ្យជំទាស់នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងទាំងអស់ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេស ដែលបានអនុវត្តតួនាទី និងភារកិច្ចថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ ក្នុងនោះក៏រួមទាំងការរួមចំណែកទប់ស្កាត់ផែនការធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលថ្ងៃទី១៨ ខែសីហាផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្តថា ក្រុមប្រឆាំងជ្រុលនិយម បានព្យាយាមបំផុសអុជអាលឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន មានការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរ និងកងកម្លាំង។

ប៉ុន្តែដោយសារអំពើល្អ សច្ចធម៌នៃសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋដ៏ច្រើនលើសលុបបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល អាជ្ញាធរ និងកងកម្លាំង ដើម្បីថែរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយដែលនាំឱ្យមានការបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ ក៏បានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នូវអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវផងដែរ៕

Leave a Reply

Your email address will not be published.