បន្ទាយមានជ័យ៖ នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បន្ថែមប៉ុស្តិ៍ប្រចាំការ និងចុះពិនិត្យសិក្សាអំពីរយៈពេលរបស់ភ្លើង បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមភ្លើងស្តុបក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ជាការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការយកចិត្តទុកដាក់ពីលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត លោកបានដឹកនាំ នាយផ្នែក ,នាយរងផ្នែក និងមន្រ្តីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ ចុះរៀបចំដាក់ប៉ុស្តិ៍ប្រចាំការនៅគោលដៅស្តុបផ្សារកណ្តាល-ស្តុបអេស៊ីលីដា និងបានសហការណ៍ជាមួយមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្ត ចុះពិនិត្យសិក្សាអំពីរយៈពេលរបស់ភ្លើងសញ្ញានៅតាមស្តុបនីមួយៗ ដើម្បីផ្តល់រយៈពេលអទិភាពទិសដៅ ទៅតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់កុំឲ្យមានកកស្ទះ។
លោក វរសេនីយ៍ទោ បោន ភក្ត្រា បានបញ្ជាក់ថា៖ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍន៍លឿន មានកំណើនប្រជាជនមករស់នៅច្រើន និងមានការធ្វើចរាចរណ៍មមាញឹកក៏កាន់តែច្រើន បញ្ហាកកស្ទះក៏កើតមានច្រើនផងដែរ។
ម្យ៉ាងវិញទៀត មានអ្នកបើកបរមួយចំនួនតូច នៅមិនទាន់គោរពច្បាប់ចរាចរណ៍ សមត្ថកិច្ចនគរបាលចរាចរណ៍ និងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការណែនាំអប់រំ ផ្សព្វផ្សាយ និងបន្ថែមដាក់ប៉ុស្តិ៍ប្រចាំាការទៅតាមគោលដៅសំខាន់ៗដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ លោកវរសេនីយ៍ទោ បោន ភក្ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបើកបរដោយមានការប្រុងប្រយ័ត្ន មានការយោគយល់អធ្យាស្រ័យឲ្យគ្នា ហើយកុំបើកបរលឿនហួសកំណត់ ពិសេសផ្លូវដែលមមាញឹកខ្លាំង ផ្លូវបំបែក នានា ដែលអាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ហើយគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតរបស់យើងខ្លួនឯងផ្ទាល់និងអ្នកបើកបរតាមដងផ្លូវសាធារណៈ ៕