ថ្ងៃទី14 ខែ04 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក មួង វិបុល បានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹម លេងមានជំនឿទៀតហើយ ក្នុងករណី លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសារធារណះ និងរំលបយកដីរបស់ពួកគាត់​ / ឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំមន្រ្តីជំនាញចុះដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់​ / លោក ហុក សុផល អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានយកថវិកា(៣លាន)ដល់ជនរងគ្រោះដែលបានស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេជាន់មីនតោនផ្ទុះកំពុងសម្រាកពេទ្យ​ / បុរសម្នាក់សុីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេ កំពុងតែបើកស្រាប់តែ ជាន់គ្រាប់មីនតោនផ្ទុះភ្ញាក់ផ្អើលអ្នកភូមិនិងសមត្តកិច្ច រងរបួសធ្ងន់​ / លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកសម្ភារ:បរិក្ខាពេទ្យជាអំណោយសប្បុរសជន ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន មានតម្លៃជិត៣ម៉ឺនដុល្លារ ត្រៀមសម្រាប់ទ័ពអាវស​ /
អាជ្ញាធរខេត្តប៉ៃលិនស្នើឱ្យប្រជាពលរដ្ឋ ត្រៀមឯកសារដីឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ
ថ្ងៃចេញផ្សាយ: 2021-01-21 10:58:04
ដោយ: លោក ស សារឿន

ប៉ៃលិន៖ ឯកឧត្តម អភិបាលស្ដីទីមានប្រសាសន៍ថ្លែង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅបរិវេនវត្តព្រំមរកត ,ឯកឧត្តម ហុក សុផល អភិបាលខេត្តស្តីទី ក្នុងនាមលោកជំទាវអភិបាលខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារពាក់ព័ន្ធ និងព្រំប្រទល់ដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធឱ្យបានឆាប់រហ័ស ពីព្រោះការធ្វើប័ណ្ណកម្មសិទ្ធិគឺជា ការកំណត់ព្រំប្រទល់ដីធ្លី របស់យើងដោយស្របច្បាប់ ហើយប័ណ្ណកម្មសិទ្ធិនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកំណត់អត្តសញ្ញាណដីធ្លី ងាយស្រួលចែកបន្តដល់កូន ចៅ ជំនាន់ក្រោយៗ សម្រាប់ប្រើប្រាស់ តាមតម្រូវការចាំបាច់ ដោយគ្មានជនណាម្នាក់ អាចកេងបន្លំបានឡើយ។


ឯកឧត្តម ហុក សុផល បានមានប្រសាសន៍លើកឡើងថា÷កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យ ក្នុងនោះក៏មានការ កំណែទម្រង់វិស័យដីធ្លីផងដែរ ទៅតាមការចាំបាច់របស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន យ៉ាងពិតប្រាកដ ដូច្នេះការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ពិតជាមានភាពងាយស្រួល ក្នុងការផ្តល់សិទ្ធិកាន់កាប់ទ្រព្យសម្បតិ្ត ជូនដល់ប្រជាពលរដ្ឋដោយស្របច្បាប់។


ឯកឧត្តម  អភិបាលស្តីទី ក្នុងនាមអភិបាលប៉ៃលិន បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមនាពេលនេះ សូមជួយផ្សព្វផ្សាយបន្ត ឲ្យបងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលមិនបានចូលរួម ឲ្យយល់ដឹងពីនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយត្រូវត្រៀមឯកសារពាក់ព័ន្ធមួយចំនួន ដូចជា៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព និងសៀវភៅគ្រួសារជាដើម ហើយក្នុង នោះអាជ្ញាធមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដី ក្នុងតំបន់វិនិច្ឆ័យនេះ សូមផ្តល់ភាពងាយស្រួល និងចូលរួមសហការឲ្យបានល្អ ជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីឲ្យការអនុវត្តន៍នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធប្រព្រឹត្ត ទៅដោយរលូន និងជោគជ័យទៅតាមផែនការ។


បន្ទាប់មកលោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានឲ្យដឹងថា៖ នីតិវិធីនៃការ ចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធមាន ៥  ដំណាក់កាល៖ ១-ត្រៀមរៀបចំ គឺការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

 ២-ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារនិងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានការខុសឆ្គង។ ៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផល នៃការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ របស់គណៈកម្មការរដ្ឋបាល ជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិ ចំពោះក្បាលដីណា ដែលមិនមានទំនាស់ ឬមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ និង៥-ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណ ជូនម្ចាស់ដី។


សូមបញ្ជាក់ថា៖ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ គឺមានប្រជាជនសរុបចំនួន ៧២៦គ្រួសារ ស្មើរនឹងចំនួន ៣១២៦នាក់ ស្រី ៦១៦នាក់ មានផ្ទៃដីទំហំ ២២៩ហិចតា ស្មើរនឹង ១៤៣៤ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ២០០ហិចតា និងដីកសិកម្មមានចំនួន ២៩ហិចតា ហើយក្រុមការងារ ចុះវាស់វែងដីធ្លីមានលក្ខណៈ ជាប្រព័ន្ធនឹងចាប់ផ្តើមវាស់វែង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១៕