សាលាចំណេះទូទៅអន្តរជាតិឌូវីរៀបចំតាំង ពិព័រណ៍វិទ្យាសាស្រ្តលើកទី៥នៃ គម្រោងវិទ្យាសាស្រ្តរបស់ សិស្សានុសិស្សនៅបាត់ដំបង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩នេះ សាលាចំណេះទូទៅអន្តរជាតិឌូវីបាត់ដំបងបានរៀបចំតាំងពិព័រណ៍វិទ្យាសាស្រ្តលើកទី៥នៃគម្រោងវិទ្យាសាស្រ្តរបស់សិស្សានុសិស្សចាប់ពីថ្នាក់ទី២ដល់ថ្នាក់ទី១២ ជាច្រើននាក់ នៅវិមានចំរើនសិរីមង្គលក្រុងបាត់ដំបង ក្រោមអធិបតីភាពលោកស្រី ញឹក សាគន្ធ អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង។ ពិធីមានការអញ្ជើញចូលរួមពីលោក ខែម រស្មី ស្ថាបនិកនិងជាអគ្គនាយកនៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណង សាស្ត្រាចារ្យដៃគូបរទេសឌូវី អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត សិស្ស និស្សិត៣៤ក្រុម មកពីគ្រប់ទីតាំងចូលរួម។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ខែម រស្មី ដោយបានបញ្ជាក់ពីសកម្មភាពការងាររបស់សិស្សានុសិស្សដែលមានស្នាដៃល្អ រៀនពូកែ បានចូលរួមប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្តជាមួយប្រទេសនានារហូតទទួលបានជ័យលាភីបានមេដាយមាស៤កន្លងមក។

លោក ខែម រស្មី បានបញ្ជាក់ថា នេះជាលើកទី១ហើយ សាលានៅប្រទេសអូស្រ្តាលីបានសហការដៃគូជាមួយប្រទេសផ្សេងៗទៀត ហើយសិស្សសាលាឌូវី យើងនឹងចេញទៅប្រកួតប្រជែងនៅប្រទេសចិននាខែកក្កដាឆ្នាំ២០១៩ខាងមុខនេះផងដែរ។

លោកស្រី ញឹក សាគន្ធ បានចូលរួមអបអរសាទរដែលសាលាឌូវីបានបង្កើតកម្មវិធីនេះឡើងប្រកបដោយជោគជ័យព្រមទាំងទទួលបានជ័យលាភីមេដាយមាសជូនខ្លួនឯង ជូនសាលា ក៏ដូចជាជូនប្រទេសជាតិផង។ លោកស្រីអភិបាលរងខេត្តបានធ្វើការផ្តាំផ្ញើដល់ក្មួយៗខិតខំរៀនសូត្របន្តទៀតដើម្បីទទួលបានចំណេះដឹងទាំងនេះសម្រាប់យកទៅប្រកបការងារផ្សេងៗ ក៏ដូចបានចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគតហើយក៏ជាអ្នកបន្តវេណជាទំពាំងស្នងឬស្សីយុវជនជំនាន់ក្រោយផងដែរ។