ស្លាប់៦នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមីនានេះ

នំពេញ ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី២នាក់), របួសស្រាល៣នាក់ (ស្រី២នាក់) និងរបួសធ្ងន់៥នាក់ (ប្រុស)។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្តតូច៤គ្រឿង និងថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, មិនប្រកាន់ស្តាំ និងស្រវឹង ។

របាយការណ៍បញ្ជាក់ថា រយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៦៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៤៩នាក់ របួសធ្ងន់២០០នាក់ និងរបួសស្រាល១៤៦នាក់៕