សមត្ថកិច្ច​បំបែក​រឿង​ករណីជនសង្ស័យ៣នាក់ចាប់រំលោភ​ស្ត្រី​ជាជនជាតិបារាំង​នៅ​កំពត​!

ខេត្តកំពត​៖​ សមត្ថកិច្ច​ខេត្តកំពត​ បាន​បំបែកសំណុំរឿង​ជនសង្ស័យ​ចាប់រំលោភ​ស្ត្រីជាជនជាតិ​បារាំង​ម្នាក់មានអាយុ​៤៣​ឆ្នាំ​​ ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ក្នុង​ក្រុង​កំពត​ ខេត្តកំពត​។​

​ស្នងការ​នគរបាល​ខេត្ត​លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ​ បាន​ថ្លែង​ថា​ ជនសង្ស័យ​ដែល​ចាប់រំលោភ​ស្ត្រីជាជនជាតិបារាំងនោះ​ មាន​គ្នីគ្នា​ចំនួន​៣​នាក់​ ដែល​សមត្ថកិច្ច​បាន​ចាប់​ទាំង​អស់ហើយ​ ក្នុង​នោះ​ម្នាក់​បាន​ចាប់ពី​ម្សិលមិញ​ និង​២​នាក់​ដទៃ​ទៀត​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៦​តុលា​នេះ​។​

​ស្ត្រី​ជាជនជាតិបារាំង​នោះ​ ត្រូវ​បាន​ជនសង្ស័យ​ទាំង​៣​នាក់​ បាន​ចាប់​រុញ​បញ្ចូល​ក្នុង​ឡាន​ម៉ាក​ Land​ Cruiser​ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១១​តុលា​ នៅ​ម្តុំ​ឆ្នេរ​មាត់​ព្រែក​កំពត​ ក្រុង​កំពត​ និង​ពួក​គេ​បាន​រំលោភ​ស្ត្រី​ជាជនជាតិបារាំង​នោះ​នៅ​ក្នុង​រថយន្ត​ និង​ក្រោយមក​ ពួក​គេ​បាន​យក​ស្ត្រី​ជាជនជាតិបារាំង​នោះ​ មក​ទម្លាក់​ចោល​និង​បើក​រត់គេច​ខ្លួន​។​

​ជនសង្ស័យ​ទាំង​៣​នាក់​ ដែល​បាន​សារភាព​ប្រាប់​មន្ត្រី​នគរបាល​ក្រោយ​ការ​ចាប់ខ្លួន​រួម​មាន​ ៖​ ១.​ឈ្មោះ​ សេង​ ស្រ៊ុ​ន​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​បឹង​វែង​ ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​ ជន​នេះ​ មាន​មុខរបរ​បើកឡាន​ឈ្នួល​។​ ជនសង្ស័យ​ទី​២​ ឈ្មោះ​ ពុំ​ លី​វី​ អាយុ​ ១៩​ឆ្នាំ​ នៅ​ភូមិ​សាង​គង់​,​ ឃុំ​និទាន​,​ ស្រុក​បរ​សេ​ដ​ ខេត្តកំពង់ស្ពឺ​ និង​ម្នាក់​ទៀត​អាយុ​២៣​ឆ្នាំ​ ឈ្មោះ​ ង៉ែត​.​ នភា​ រស់នៅ​ភូមិ​ត្រពាំង​លើក​,​ ឃុំ​ក្រាំង​ស្បូវ​,​ ស្រុក​ឈូក​.​ ខេត្តកំពត​៕

ពីខ្ញុំភ័ក្ត្រ វុធា ចាងហ្វាង

ការផ្សាយគេហទំព័រ

MondayDailyNews