
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ គោរពវិញ្ញាណខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ
កំពង់ចាម៖ ដោយទឹកចិត្តគោរព ស្រឡាញ់ និងតបស្នងនូវគុណ បុព្វការៈដ៏ធំធេងរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជ បីតាឯករាជ្យ មរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមព្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមពិធីគោរពព្រះ វិញ្ញាណខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ នៅសាលាខេត្តកំពង់ចាម។
ដេីម្បីប្រារព្ធពិធីនេះ លោក អ៊ុន ចាន់ដា តាំងនាមឲ្យថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម លោកក៏បានសម្តែងនូវព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងរំឮកនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណបុព្វការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីមរណភាពទឹកដីកម្ពុជា។
ចំពោះខ្សែភាពយន្តឯកសារស្តីពីព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ មរណភាពទឹកដី និងឯកភាពជាតិខ្មែរ ” ព្រះបរមរតនកោដ្ឋ ” ជាច្រើន ត្រូវបានចាក់ផ្សាយ រំឭកឡើងវិញទៅដល់ព្រះរាជគុណបុព្វការៈរបស់ព្រះអង្គ ដែលបានលះបង់កាលពីអតីតកាល ។
ខេត្តកំពង់ចាមរបស់យើង កាលណាគេនិយាយដល់វិទ្យាល័យធំជាងគេជំនាន់នោះ គេនឹងនឹកឃើញទៅដល់វិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម !
កាលណាគេនិយាយទៅដល់រោងចក្រតម្បាញដែលធំជាងគេជំនាន់នោះ គេនឹងនឹកឃើញទៅដល់រោងចក្រតម្បាញវាយនភ័ណ្ឌកំពង់ចាម! អតីតសាលាបច្ចេកទេស សព្វថ្ងៃបានប្រែក្លាយជាសាលា និងមជ្ឈមណ្ឌលគរុកោសទៅហើយ! ទាំងអស់នេះ គឺជាសមិទ្ធផលបានកើតឡើងក្នុងជំនាន់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ” ព្រះបរមរតនកោដ្ឋ – ដឹកនាំ !
ថ្ងៃនេះប្រជានុរាស្ត្រទូទាំងព្រះនគរកំពុងរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជំនាន់ថ្មី គឺព្រះករុណា
ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ សូមដួងព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ” ព្រះបរមរតនកោដ្ឋ * ស្ងប់ព្រះរាជហឫទ័យចុះ ថាកូនចៅជំនាន់ក្រោយកំពុងខិតខំបំពេញភារកិច្ចបន្តនៅលើវិថីដែលព្រះអង្គបានត្រួសត្រាយកន្លងមក។
គួរបញ្ជាក់ថា ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយទិវង្គតដោយព្រះជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅឯមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន ។ ព្រះបរមសពរបស់ព្រះអង្គបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ដើម្បីឲ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជារាស្រ្ត មន្រ្តីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូលសម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ៕ដោយលោកប៉ែន ឡា