កងរាជអាវុធហត្ថក្រុងបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាមនិងឃាត់ខ្លួនប្រុសស្រី២នាក់..!

បាត់ដំបង៖ កម្លាំងជំនាញ នៃកងរាជអាវុធហត្ថក្រុងបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបុរសម្នាក់ ជាអ្នកទិញ និងស្រ្តីម្នាក់ ជាអ្នកលក់ ដកហូតបានថ្នាំញៀនជិត១គីឡូក្រាម កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមរបាយការណ៍ របស់កងរាជអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន នៅម៉ោង៣៖៣០នាទីរសៀល ឈ្មោះ ជា វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដបង ដកហូតវត្ថុតាង គ្រឿងញៀនម៉ាទឹកកក១កញ្ចប់ទម្ងន់ ១,៧២ ក្រាម ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាក អ៊ែប្លែត។

ប្រភពព័ត៍មានបានឲ្យដឹងទៀតថា លុះដល់ម៉ោង ៥៖០០នាទីល្ងាច កម្លាំងជំនាញដឹកនាំដោយលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានបន្តចុះទៅដល់លំនៅដ្ឋាន របស់ឈ្មោះ ហៃ សុភ័ក្រ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិ អូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាអ្នកលក់គ្រឿងញៀនអោយឈ្មោះ ជា វិចិត្រ) ឆែកឆេររកឃើញគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ ទម្ងន់៩០០,០៥ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់៕ដោយលោកប៉ែន ឡា