លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានអញ្ជើញជាអធិបតីក្នុងកិច្ចបូកសរុបលទ្ធផលនៃការអនុវត្តភារកិច្ចរបស់ក្រុមការងារ

ខេត្តស្វាយរៀង ៖ ថ្ងៃ សៅរ៍ ៧ កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចបូកសរុបលទ្ធផលនៃការអនុវត្តភារកិច្ចរបស់ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀងដំណាក់កាលទី៧ លើកទី៣ និងទិសដៅសម្រាប់អនុវត្តនៅដំណាក់កាលទី៧ លើកទី៤ នៅសាលប្រជុំធំនៃមន្ទីរគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយក្រុង ស្រុក ប្រធានក្រុមការងារចុះជួយឃុំ សង្កាត់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង ស្រុក ឃុំសង្កាត់ លោក លោកស្រីប្រធានគណបក្សឃុំ សង្កាត់ទូទាំងខេត្ត ដែលមានវត្តមានចូលរួមចំនួន ១.២៥១ នាក់។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវក៍បានអំពាវនាវអាជ្ញាធរ សមាជិកគណបក្ស និងប្រជាពលរដ្ឋរួមគ្នាហូបអំបុកចាប់ពីថ្ងៃ៩ដល់ថ្ងៃទី១២ វិច្ឆិកាក្នុងពិធីបុណ្យអុំទូក តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាឲ្យនាំគ្នាហូបអំបុកនោះ ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ។

លោកជំទាវក៏បានស្នើដល់ សមាជិកសមាជិកា ទទួលខុសត្រូវខ្ពស់កិច្ចការមួយចំនួន ៧ចំណុច រួមមាន៖

១៖ ត្រូវបន្ដលើកកម្ពស់សុវត្ថិភាព សន្ដិសុខសង្គម ធ្វើឱ្យជនគ្រប់រូបទទួលបានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការធ្វើឱ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មានការថយចុះ ពង្រឹងបរិយាកាសសង្គម ជាសង្គមល្អ គ្មានជនពាល ឬជនទំនើង ត្រូវបន្ដរៀបចំសណ្ដាប់ ធ្នាប់សាធារណៈ ពិសេសសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យមានរបៀបរៀបរយល្អ។

២៖ ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ពីខេត្តរហូតដល់មូលដ្ឋានទាំងអស់ ត្រូវបន្ដតាមដានក្ដាប់ជាប់ការវិវត្តន៍ នៃសភាពការណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ ទាំងសភាពការណ៍ប្រជាជន ទាំងសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ហើយត្រូវដាក់ចេញ នូវវិធានការនានា ទាំងវិធានការរដ្ឋបាល ទាំងវិធានការអប់រំ ទាំងវិធានការច្បាប់ឱ្យបានទាន់ពេលវេលា ដោយឈរលើស្មារតីដឹកនាំដោយសមូហភាព ម្នាក់ៗទទួលខុសត្រូវ ដើម្បីបង្កើនប្រៀបខ្លាំង និងប្រជាប្រិយភាពរបស់គណបក្ស រក្សាសន្ដិភាព ស្ថិរភាព សុវត្ថិភាព និងជំរុញការអភិវឌ្ឍនៅគ្រប់មមូលដ្ឋាន។

៣៖ ក្រុមការងារគណបក្សគ្រប់ថ្នាក់ និងប្រព័ន្ធព័ត៌មាន ត្រូវយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយស៉ីជម្រៅក្នុងមហាជន អំពីការរីកចម្រើនគ្រប់វិស័យនៃ សង្គមជាតិ អំពីគោលនយោបាយ និងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។

៤៖ គណបក្សខេត្ត ត្រូវយកចិត្តទុកដាក់ការលើកកម្ពស់សមត្ថភាពប្រសិទ្ធភាពការងារ របស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់។

៥៖ គណបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្ដកែសំរួលកសាងពង្រឹងអង្គការចាត់តាំងមូលដ្ឋាន របស់គណបក្សឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ មានការទទួលខុសត្រូវឱ្យច្បាស់លាស់ និងអនុវត្តន៍បានល្អនូវការងារគ្រប់គ្រង អប់រំ ថែបំប៉នសមាជិក និងកសាងពង្រីកសមាជិកថ្មី ពិសេសក្នុងជួរយុវជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

៦៖ គណបក្សខេត្ត ត្រូវបន្ដរៀបចំបើកវគ្គអប់រំនយោបាយដល់មន្ត្រី និងសកម្មជន យុវជនគណបក្សដែលពុំទាន់បានរៀនតាមកម្មវិធីបច្ចុប្បន្ន ជាមួយនេះ ត្រូវបន្ដពង្រឹងអង្គការ មហាជនរបស់គណបក្សឱ្យសម្រេចបានល្អ តាមតួនាទី ភារកិច្ចរបស់ខ្លួន ពិសេសពង្រឹង ការគ្រប់គ្រងរាល់អង្គការយុវជនគណបក្ស។

៧៖ មន្ត្រីគ្រប់ថ្នាក់ទាំងផ្នែកបក្ស ទាំងផ្នែករដ្ឋត្រូវរៀបចំការងារពាក់ព័ន្ធរបស់ខ្លួនឱ្យ បានច្បាស់លាស់ និងត្រូវចេះសន្សំពិន្ទុជាមួយប្រជាជនតាមរយៈប្រសិទ្ធភាពការងារប្រចាំថ្ងៃ តាមរយៈការចុះជួបប្រាស្រ័យផ្ទាល់ក្នុងវេទិកាសាធារណៈតាមភូមិនីមួយៗ ទទួលយកនូវការលំបាក សំណូមពររបស់ប្រជាពលរដ្ឋ និងខិតខំដោះស្រាយឱ្យមានប្រសិទ្ធភាពទាំងសេវា តម្រូវការ និងសេវាសំណូមពរ៕ដោយប៉ែន ឡា