ប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ៣៤គ្រួសារ មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ

ភ្នំពេញ៖នៅព្រលប់ ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧,០០នាទី លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ៣៤គ្រួសារ ក្នុងសង្កាត់ទាំង១១ ខណ្ឌដូនពេញ ។

ឆ្លៀតក្នុងឱកាសនេះ លោក ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្តេច និង ថ្នាក់ដឹកនាំ តែងតែគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស តាមរយៈកិច្ចអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ និង រីកចម្រើនជាលំដាប់ ។

ក្នុងនាមប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងរដ្ឋបាលខណ្ឌ លោក ប្រធានកិត្តិយស ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាអគ្គីភ័យ ជាពិសេសមុនពេលធ្វើដំណើរចាកចេញពីលំនៅដ្ឋានទៅស្រុកកំណើត ត្រូវបិទភ្លើង ពន្លត់ភ្លើងចង្រ្កាន ភ្លើងធូប ភ្លើងទៀនជាដើម ដើម្បីការពារកុំឲ្យកើតមានគ្រោះថ្នាក់អគ្គីភ័យកើតឡើងជាយថាហេតុ ដែលអាចបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនយើង ។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត នាពេលនេះរួមមាន៖ អង្ករចំនួន ០១បាវ ស្មើនឹង ៣០គីឡូក្រាម, ទឹកត្រីចំនួន ០១យួរ, ឆ្នាំដាំបាយ, បំពង់ទឹកក្តៅ, ចានស្រាក់, ថ្នាំដុសធ្មេញ និង ថវិកាចំនួន ៤០,០០០រៀល/គ្រួសារ សរុបថវិកាចំនួន ១,៣៦០,០០០រៀលផងដែរ ។ដោយលោកពុធ ធី