ស្ត្រី២នាក់ត្រូវរន្ទះបាញ់ស្លាប់ នៅគ្រាដែលចូលទៅជ្រកភ្លៀងក្រោមដើមឈើ!

ពោធិ៍សាត់ ៖ ស្រ្តី ២នាក់ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់យ៉ាងអរុន្ធត់ ខណៈដែលស្រ្តីរងគ្រោះ២នាក់នាំគ្នាចូលជ្រកភ្លៀងនៅក្រោមដើឈើ គ្រាដែលមេធ្លាក់ភ្លៀងលាយឡំ ខ្យល់ ផ្គរ រន្ទះ ផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ដោយធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមានមនុស្ស​២នាក់បានស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញត្រង់ចំណុចដើមឈើ(ចំបក់)មួយកន្លែងក្បែចំការដូងរបស់ឈ្មោះ ដន ម៉ាលីន ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកក្រគរបានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ សាក់ តិញ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ ហៃ ឆាន ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២រស់នៅភូមិ.ឃុំ ស្រុក កើតហេតុជាមួយគ្នា ។ ស្រ្តីរងគ្រោះទាំងពីនាក់បាននាំគ្នាចូលព្រៃនៅម្ដុំកើតហេតុ ក្នុងគោលបំណងដើរជីកសត្វ(អាពីង) ប៉ុន្តែនៅពេលឃើញមេពណ៏ខ្មៅធ្លាក់ខ្យល់រកកល់ភ្លៀង ក៍នាំគ្នាទៅជ្រកក្រោមដើមឈើ(ចំបក់) ១ដើមនោះ ជាអកុសល់ក៍ជួបគ្រោះធម្មជាតិរន្ទះបាញ់នេះ បណ្ដាលឲ្យពួកគាត់ស្លាប់យ៉ាងអាណោចអាធម័ ត្រឹមមួយប៉ប្រេចភ្នែកប៉ុណ្ណោះ ។

ករណីគ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមានមនុស្សស្លាប់ដល់ទៅចំនួន ២នាក់នេះ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានសហការ ចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មុននឹងធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយលោក ប៉ែន ឡា