ក្ដៅៗ! ជនសង្ស័យជាជនជាតជប៉ុនក្នុងអំពើឃាតកម្ម សារភាពថា ប្លន់យកឡានដើម្បីធ្វើជាមធ្យោបាយ ទៅរកលុយតាមកន្លែងប្តូរលុយ

ខេត្តសៀមរាប៖ជនសង្ស័យជាជនជាតិជប៉ុនទាំងពីរនាក់ ក្នុងអំពើប្លន់ដោយអារកសម្លាប់ បានឆ្លើយសារភាពថា ពួកគេប្លន់យកឡានគឺដើម្បី ធ្វើជាមធ្យោបាយ ទៅរកលុយតាមបណ្តាកន្លែងប្តូរលុយក្នុងខេត្តសៀមរាប។
នៅក្នុងសវនាការជំនំជម្រះ នារសៀលថ្ងៃទី៩ ខែកញ្ញា នៅក្នុងអាគារនៃសាលាដំបូងខេត្តសៀមរាប ដែលមានលោកអ៊ុ ចាន់ថុល ចៅក្រមជំនំជម្រះ លោកជួន សុបញ្ញា តំណាងអយ្យការ មេធាវីការពារក្តីចុងចោទនិងដើមចោទ ប្រពន្ធសពជនរងគ្រោះ រួមទាំងម្ចាស់គោយន្តកន្ត្រៃផងនោះ ជនសង្ស័យជាជនជាតិជប៉ុនទាំងពីរនាក់ បានឆ្លើយសារភាពថា ពួកគេមកប្រទេសកម្ពុជា បំណងប្លន់យកឡានដើម្បីធ្វើជាមធ្យោបាយ ជិះដើររកលុយតាមកន្លែងប្តូរលុយ យកទៅសងធនាគារឯប្រទេសរបស់ខ្លួន។ត្បិតនៅទីនោះរូបគេធ្វើជាកម្មករសំណង់មិនអាចសងធនាគារបាន។
អង្គសវនាការ ដែលមានការដេញដោលសាកសួរ អស់រយះពេលប្រហែលពីរម៉ោង ហើយជនសង្ស័យទាំងពីរនាក់ ឆ្លើយសារភាពថាខ្លួនពិតជាបាន ចាក់និងអារកសម្លាប់ជនរងគ្រោះ បំណងប្លន់យកឡាន តំណាងអយ្យការ សម្រេចចោទប្រកាន់ជនទាំងពីរ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិពួកថ្មី ឃុំពួកស្រុកពួក ខេត្តសៀមរាប កាលថ្ងៃទី១៧ខែមីនាឆ្នាំ២០១៩។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ ស្ត្រីជាប្រពន្ធសពជនរងគ្រោះ បានសុំប្តឹងទាមទារសំណង១០ម៉ឺនដុល្លារនិងសុំអោយផ្តន្ទាទោសតាមច្បាប់។ចំណែកម្ចាស់គោយន្តកន្ត្រៃនិងអ្នករួមដំណើរម្នាក់ទៀត ប្តឹងទារសំណងក្នុងម្នាក់៥០០០ពាន់ដុល្លារ។ ជាមួយគ្នានោះមេធាវីដើមបណ្តឹង លើកឡើងថា រូបលោកមិនប្តូរចិត្តទេ គឺទារសំណង១០ម៉ឺនដុល្លារដដែល។
ដោយឡែកមេធាវី ការពារក្តីរបស់ចុងចោទលោក ថេង ចំរើន បានសុំអោយអង្គសវនាការ កែបទចោទប្រកាន់ ពីឃាតកម្ម ទៅជាមនុស្សឃាតដោយអចេតនា។ ត្បិតកូនក្តី ធ្វើដោយគ្មានចេតនានោះឡើយ។
នៅរសៀលថ្ងៃដដែលអង្គសវនាការ បានបញ្ចប់ដោយលើកពេលប្រកាសទៅថ្ងៃក្រោយ។
សូមបញ្ជាក់ថា ជនសង្ស័យ ទី១ឈ្មោះ ISHIDA REIMON ប្រុសអាយុ២៤ឆ្នាំ។ទី២ឈ្មោះ NAKA RYUJI ប្រុសអាយុ២៤ឆ្នាំ ពួកគេជាជនជាតិជប៉ុន។ កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០១៩ ពួកគេបានចាក់និងអារកប្លន់សម្លាប់ជនរងគ្រោះជាអ្នករត់តាក់ស៊ី បំណងយកឡាន។ប៉ុន្តែក្រោយប្លន់បានសម្រេចក៍បើកទៅបុកគោយន្តកន្ត្រៃ ហើតត្រូវប៉ូលិសចាប់បានភ្លាមៗតែម្តង៕ដោយលោក បុត្រ វិចិត្រ