រថយន្ដបុកជាមួយរថយន្ដបណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល!

កណ្ដាល៖ រថយន្តម៉ាកសាំយ៉ុង២គ្រឿងបុកគ្នា ពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង២និង១៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ១គីឡូម៉ែត្រលេខ៥៦-៥៧ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AF.1695 បើកបរដោយឈ្មោះ ប៉ែន ណាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបររថយន្ត (រងរបួសធ្ងន់បាក់ជើងខាងឆ្វេង) រួមដំណើរជាមួយឈ្មោះ យ៉ុង សារ៉េត ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង២នាក់ ត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកភាគីរថយន្តម្ខាងទៀតម៉ាកសាំងយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2S.8704 បើកបរដោយឈ្មោះ ហៀង រ៉ាច់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត (រងរបួសធ្ងន់បាក់ជើងខាងឆ្វេង) មានទីលំនៅភូមិត្រោក ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីស្វាយរៀងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បន្ថែមល្បឿន វ៉ាជែងរថយន្តនៅខាងមុខ តែមិនផុតបានជ្រុលទៅបុករថយន្តម៉ាកសាំយ៉ុងមួយគ្រឿងទៀត ពណ៌ស្លែ បើកបរច្រាស់ទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តទាំង២គ្រឿងទទួលរងរបួសធ្ងន់ រីឯស្រ្តីម្នាក់ជាអ្នករួមដំណើររងរបួសស្រាល ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្តាលមកពីរថយន្តម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនប្រយ័ត្ន ក៏មកបុករថយន្តម៉ាកសាំងយ៉ុង ពណ៌ស្លែតែម្តង។

បន្ទាប់ពីមានករណីខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះអន្តរាគមន៍យករថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច ជំនាញចុះធ្វើការវាស់វែង កសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕