
ចេញពីពន្ធនាគារប្រកបមុខរបរដដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន!
ឧត្តរមានជ័យ ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចំនួន០៤នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជ័យ វាសនា នាយប៉ុស្តិ៍ បានចុះធ្វើការស៊ើបអង្កេត និងត្រួតពិនិត្យបង្ក្រាបបានជនសង្ស័យម្នាក់ករណីចែកចាយសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង០៨និង៥៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ចំណុច ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់ជាស្ត្រី មានឈ្មោះ ញឹម ងិះ ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារ ហេីយចែកចាយសារធាតុញៀនត្រូវបានភ្នាក់ងារសម្ងាត់រាយការណ៍ថា សង្ស័យនៅតែបន្តលាក់ទុកសារធាតុញៀន។
សម្ភារៈដកហូតបានរួមមាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈូក ចំនួន២០០គ្រាប់ ប្រភេទមេតំហ្វេតាមីនICE (ម៉ាទឹកកក) ចំនួន៦កញ្ចប់ធំ និង១កញ្ចប់តូច ព្រមទាំងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ដោយលោក ប៉ែន ឡា